ជីវប្រវត្តិរបស់
Jean Jacques Rousseau
លោក Jean Jacques
Rousseau ជាទស្សនៈវិទូ
និងជាអ្នកទ្រឹស្តីនយោបាយបារាំង ។ គាត់កើតនៅថ្ងៃទី ២៨ ខែមិថុនា ១៧១២ នៃ គ.ស. នៅ ហ្សឺណែវ ដែលជាទីក្រុងនៃសាធារណរដ្ឋ ហ្សឺណែវ ប្រទេសស្វីស ។ ហើយលោកបានទទួលមរណភាពនៅថ្ងៃទី
២ ខែកក្កដា ១៧៧៨ នៃគ.ស. ក្នុងជន្មាយុ ៦៦
ឆ្នាំក្នុងតំបន់ Ermenonville ដែលស្ថិននៅភាគខាងជើងនៃសាធារណរដ្ឋបារាំង។
គាត់ក៏ជាស្ថាបនិកទ្រឹស្តីក្រមសីលធម៌ (Moralist) ម្នាក់ផងដែរ ។
លក្ខណៈទូទៅរបស់រុស្សូ
ជាការពិតណាស់ ដែលគេនិយាយថា Rousseau ជាមនុស្សដែលឆាប់មានអារម្មណ៍រំភើប ស្រលាញ់ធម្មជាតិ ជាមនុស្សមិនទុកចិត្តដល់វិទ្យាសាស្រ្ត
និងបច្ចេកវិជ្ជាឡើយ តែគាត់គឺជាអ្នកកែទម្រង់ (Reformist) និងជាអ្នកសនិទាននិយមធំមួយ (Retionalizationist) ។ ស្នាដៃរបស់គាត់មួយផ្នែកធំ
ផ្តោតទៅលើការកែទម្រង់តាមបែបវិចារណញ្ញាណ ។ នៅក្នុទ្រឹស្តីនយោបាយរបស់លោកបានរៀបរាប់ចំនុចដ៏សំខាន់មួយគឺ «កិច្ចព្រមព្រៀងសង្គម» ដែលបានសរសេរនៅឆ្នាំ ១៧៦២ ។ នៅក្នុងស្នាដៃនេះ
បានយកចិត្តដាក់ទៅលើទស្សនទានពីរគឺ
ទី១. លោក Rousseau មិនឈរលើមូលដ្ឋាននៃច្បាប់ធម្មជាតិឡើយ
(រដ្ឋកើតចេញពីទំនោររបស់មនុស្សពីធម្មជាតិ ឬដោយសារសភាវៈរបស់មនុស្សពីធម្មជាតិ) ។ លោកយល់ថាសមាគមន៍ដែលកកើតឡើងដោយការចុះកិច្ចព្រមព្រៀងគ្នាក្នុងសង្គមនោះ គឺជាអង្គរួមមួយដែលមានផ្ទុកទៅដោយក្រមសីលធម៌ និងបណ្តុំមនុស្ស។លោកហៅសមាគមន៍នោះម្យ៉ាងទៀតថា«សង្គមមនុស្ស»ដែលបាននាំមកជាមួយនូវអត្តសញ្ញាណរួម ជីវភាពរួម ឆន្ទៈរួម និងអង្គឯកភាពរួមតែមួយ។ ដូចនេះ
ឃើញថាសង្គមមនុស្សគឺជាអង្គរួមមួយដែលមានឆន្ទៈរបស់ខ្លួនច្បាស់លាស់
ហើយយើងក៏មិនអាចធ្វើការប្រៀបប្រដូចអង្គរួមនេះទៅនឹងបុគ្គលណាម្នាក់បានឡើយ។
ហើយជាលទ្ធផលសិទ្ធិរបស់ខ្លួនត្រូវបានរដ្ឋយកមកប្រើប្រាស់ដើម្បជាផលប្រយោជន៍
ដល់អ្នកដែលបង្កើត។ រដ្ឋមានឆន្ទៈផ្ទាល់ខ្លួន
ដែលមិនមែនជាសញ្ញាណឆន្ទៈរបស់បុគ្គលណាមួយឡើយ។ ដោយឈរលើតំលៃជារួម នៅក្នុងឆន្ទៈរបស់ខ្លួនគឺសមាជិកនីមួយៗ
នឹងក្លាយទៅជាផ្នែកមួយ មិនអាចកាត់ផ្តាច់បានពីសង្គម។ ឆន្ទៈនៃសង្គមមនុស្ស សមាគមន៍បុគ្គល ឫសង្គមនេះ មិនមែនត្រឹមតែត្រូវបានបង្កើតឡីងដោយបណ្តុំមនុស្សដែលរៀបលំដាប់តាមច្បាប់
និងកាតព្វកិច្ចសង្គមប៉ុណ្ណោះទេ
ថែមទាំងរៀបលំដាប់តាមស្មារតីទទួលខុសត្រូវបែបសីលធម៌ទៀតផង ។
ទី២. ការបង្កើតក្រមសីលធម៌
និងស្ថាប័នទូទៅរបស់រដ្ឋ គឺត្រូវធ្វើឡើងក្នុងពេលជាមួយគ្នា ។
សីលធម៌គឺជាផ្នែកមួយចាំបាច់សម្រាប់អប់រំប្រជាពលរដ្ឋ ហើយមានអត្ថិភាពយ៉ាងខ្លាំង
មិនត្រឹមតែជាផ្នែកមួយនៃច្បាប់ប៉ុណ្ណោះទេ និងជាកាតព្វកិច្ចទៀតផង
ប៉ុន្តែក៏អាស្រ័យទៅនឹងស្ថានភាព និងអារម្មណ៍ផងដែរ ។
ដូច្នេះបុគ្គលរួមគ្នាបង្កើតរដ្ឋ បុគ្គលខ្លួនឯង ជាធាតុរបស់រដ្ឋ ហើយសីលធម៌
និងសកម្មភាពសប្បុរសធម៌របស់គេ អាចកើតមានឡើងបាន ក្នុងខណៈណា ដែលរដ្ឋបានបង្កើតហើយ។ ដើម្បើបង្កើតឲ្យមានឡើង នូវឆន្ទៈរួម
លោករុស្សូ បានគិតថាជាការចាំបាច់ត្រូវការលក្ខន្តិកៈមួយចំនួន ហើយជាបឋម
គឺសមភាពនៅក្នុងសង្គម ។ លោកបានគិតថា «សម្បត្តិឯកជន មិនមែនជាច្បាប់ធម្មជាតិ
សម្បត្តិឯកជន គឺជាច្បាប់សង្គម» ។ លោករុស្សូ មិនគាំទ្រទស្សនៈលុបបំបាត់សម្បត្តិឯកជនឡើយ
ប៉ុន្តែក៏ប្រឆាំងទៅនឹងការបែងចែកសម្បត្តិ មិនស្មើគ្នាដែរ ។
លោកទទូចឲ្យមូលដ្ឋាននយោបាយ មានការបង្រួបបង្រួមតែមួយ គឺចង់ឲ្យស្មារតីនយោបាយ
នៅក្នុងសង្គមស្តែងឡើង ក្នុងរូបភាពជាឆន្ទៈរួម
ដោយតម្រូវឲ្យគ្រប់ប្រជាពលរដ្ឋទាំងអស់
រួមចំណែកយ៉ាងសកម្មក្នុងការបញ្ចញមតិរបស់ខ្លួងឯងផ្ទាល់ ។
លោកថាប្រសិនបើសង្គមមានក្រុមហ៊ុនឯកជនច្រើន នោះវានឹងនាំសង្គមទៅរកវិសមភាព
និងការប្រះឆាឆន្ទៈសង្គមរួម ។ ពិសេស
គឺមិនចង់ឲ្យវណ្ណៈណាមួយកាន់កាប់អំណាចរដ្ឋផ្តាច់មុខតែឯងឡើយ ។ លោកបញ្ជាក់ថា ដោយឆន្ទៈមិនអាចប្តូរបាន
និងមិនអាចលក់បាន ។ហេតុនេះឆន្ទៈ ក៏មិនអាចតំណាងបានដែរ ។ អំណាចបែបតំណាង
គឺជាអំណាចបែបទាសភាព ។ ចំពោះបញ្ហាទម្រង់រដ្ឋវិញ លោកមិនអនុញ្ញាតឲ្យមានរបបគ្រប់គ្រងបែបតំណាងឡើយ
តែលោកគាំទ្ររបបគ្រប់គ្រងបែបប្រជាធិបតេយ្យផ្ទាល់ ។
អប្បជនាធិបតេយ្យក្តី (Oligarchy) ឯកាធិបតេយ្យក្តី (Monocracy) សុទ្ធសឹងជាយុទ្ធសាស្រ្តនយោបាយដែលបង្ហាញថា
សេ្តច ឬអ្នកកាន់អំណាចផ្តាច់ការ ឬមនុស្សភាគតិច (Minority) អាចគ្រប់គ្រងដឹកនាំប្រជាជនទាំងមូលបាន ។
ចំណែកប្រជាធិបតេយ្យ (Democracy) ជារបបមួយដែលនៅក្នុងរបបនោះ ប្រជាជនមានអំណាចអធិបតេយ្យ ។
បើគេនិយាយពីប្រជាធិបតេយ្យ គឺគេនិយាយពីអធិបតេយ្យរបស់ប្រជាជន និងអំណាចរបស់ប្រជាជន
។
ការវិភាគរបស់រុស្សូ
រុស្សូបានធ្វើវិភាគ
មិនប្លែកពីអ្នកនិពន្ធដទៃទៀតនៅជំនាន់នោះទេ គឺការវិភាគដែលចេញពីធម្មជាតិជាមូលដ្ឋាន
។ ចំពោះ Hobbes នៅក្នុងសភាពធម្មជាតិ អ្នកខ្លាំងមានជ័យជំនះ
លើអ្នកខ្សោយ ហើយមានតែជម្លោះនិងសង្រ្គាមទាំងអស់ប្រឆាំងនឹងទាំងអស់ និងចលាចល ។
ដូច្នេះមនុស្សមានតែផ្លូវតែមួយគត់ គឺការរត់ទៅជ្រកកោនក្រោមដំបូលរបស់រដ្ឋឲ្យជួយការពារ
។ តែចំពោះ Rousseau វិញ សភាពធម្មជាតិ
គ្មានជម្លោះគ្មានសង្រ្គាមអចិន្រ្តៃយ៍ទេ សភាពធម្មជាតិ ជាសភាពមួយដែលមនុស្សរស់នៅដាច់ឆ្ងាយពីគ្នាតែឯកឯង
ហើយត្រូវដោះស្រាយបញ្ហាដោយខ្លួនឯង ។ Rousseau បដិសេធគំនិតរបស់ Hobbes ។ គាត់យល់ឃើញថាសភាពធម្មជាតិ
មិនមែនជាសភាពដែលលូតលាស់ មិនមានកម្មវិធីឯកជន គេម្នាក់ៗ
អាចបះផ្លែឈើដែលមិនមែនជាកម្មសិទ្ធិរបស់អ្នកណាមួយឡើយ ។ បើគ្មានកម្មសិទ្ធិឯកជន
ក៏គ្មានចោរដែរ ។ នៅក្នុងសភាពធម្មជាតិគេម្នាក់ៗ ជាមួយនឹងគ្រួសារ
អាចធ្វើដំណើរទៅទីកន្លែងណា ដែលគេចង់ទៅ មិនមានព្រំដែនអ្វីឡើយ ។ លោក Rousseau យល់ថា សភាពធម្មជាតិ ជាសភាពសប្បាយក្រៃលែង
ជាសភាពនៃសុភមង្គលសម្រាប់មនុស្សជាតិ ជាសភាពដែលបង្ហាញពីមនុស្សធម៌របស់មនុស្ស
ដែលមានពីកំណើត ជាសភាពនៃសេរីភាព និងសភាពដែលមនុស្ស អាចរស់នៅជារហូត
ប៉ុន្តែដើម្បីធ្វើឲ្យមានសុភមង្គល គេមានពេញលេញ មនុស្សមានមធ្យោបាយពីរបែប
គឺសុខចិត្តតស៊ូ ឬធ្វើខ្លួនឲ្យកាន់តែប្រសើរឡើង ។ នៅក្នុងសភាពធម្មជាតិ
មនុស្សប្រឈមមុខនឹងធម្មជាតិ ដែលច្រើនមិនផ្តល់អំណោយផល ហើយប្រឈមមុខនឹងការលំបាក
ពោលគឺគ្រោះធម្មជាតិ និងសត្រូវ ។ លោក Rousseau ពិចារណាទៅដល់ការលេចចេញនូវការរកឃើញផ្នែកកសិកម្ម
និងលោហកម្ម ។ សិល្បៈទាំងពីរនេះ
នឹងបង្កើតឲ្យមានកម្មសិទ្ធិបុគ្គលលើដីធ្លីវិសមភាពភាពសម្បូរ
និងទុរគតភាពការប្រកួតប្រជែងគ្នាតណ្ហាជម្លោះ ។ ផលវិបាក
ជាគ្រោះក្នុងសភាពធម្មជាតិ ជាកម្មវាសនា គេចមិនផុតដូច្នេះ
មនុស្សត្រូវតែប្រមូលគ្នាជាសមាគមន៍ ដើម្បីផលប្រយោជន៍រួម ។
មនុស្សរស់នៅដោយគ្មានសង្គម មនុស្សអាចរស់នៅដោយស្វែងរកអ្វីៗ ដោយខ្លួនឯង
ប៉ុន្តែមនុស្សយល់ឃើញថា វាមានអត្ថប្រយោជន៍ច្រើនបើគេរស់នៅជាមួយគ្នា និងធ្វើការជាមួយគ្នា ។ គាត់បានបង្កើតឲ្យមានសង្គមមួយ
ក្នុងស្នាដៃរបស់គាត់ដែលមនុស្សស្ថិតនៅចំណុះសង្គមនោះ
ពីព្រោះមនុស្សបានប្រគល់សិទ្ធិ និងសេរីភាពរបស់គេ
ប៉ុន្តែមនុស្សនៅតែរក្សាសេរីភាពរបស់គេ ពីព្រោះសង្គមជាសំណុំនៃមនុស្សទាំងអស់
ហើយគ្មានអ្នកណាម្នាក់ បាត់បង់សេរីភាពរបស់គេទេ ។ សេរីភាព
និងសមភាពរបស់ពួកគេម្នាក់ៗ ត្រូវបានធានា ។ សង្គមនយោបាយ
ជាអ្នកសង្រ្គោះអ្វីដែលមនុស្ស ដែលមានកាលនៅក្នុងសភាពធម្មជាតិ គឺមានសេរីភាព
និងសមភាពដោយធានាសន្តិសុខរបស់បុគ្គលផងដែរ ។ នៅពេលដែលរដ្ឋកើតមានឡើងបាតុភូតអំណាច
ក៏មានជាចាំបាច់ដែរ ។ ស្តីអំពីអធិបតេយ្យ Rousseau ចង្អុលបង្ហាញថា «អធិបតេយ្យរបស់ប្រជាជន
ស្ថិននៅជារបស់ប្រជាជន ។ អធិបតេយ្យនេះមិនអាចផ្ទេរទៅឲ្យនរណាម្នាក់បានឡើយ ។
នៅក្នុងកិច្ចសន្យា គេមិនអាចប្រគល់អំណាចទៅឲ្យ
ស្តេចមួយអង្គទេ ពីព្រោះថា ការនៅចំណុះស្តេច មិនប្រសើរជាងការរស់នៅក្នុងសភាពធម្មជាតិទេ» ។
តើប្រជារាស្រ្ត ប្រើប្រាស់អធិប្បតេយ្យរបស់ខ្លួន ដូចម្តេច
?
ប្រជារាស្រ្ត ប្រើប្រាស់អធិប្បតេយ្យ
តាមរយៈការបង្កើតច្បាប់ ។ ច្បាប់ ជាសេចក្តីប្រកាសជាសាធារណៈ និងជាឱឡារិកនូវ ឆន្ទៈទូទៅ
លើកម្មវត្ថុរួមមួយ គឺប្រកាសនូវឆន្ទៈ ជាឯកច្ឆន្ទ ។ នេះជាជំនឿក្នុងច្បាប់
ហើយជាប្រភពនៃសេរីភាព ។ ប្រភពនៃច្បាប់ គឺឆន្ទៈទូទៅ ។ ឆន្ទៈទូទៅ
គឺជាចំនួយបូករួមឆន្ទៈរបស់ប្រជាពលរដ្ឋទាំងមូល ។ លោក Rousseau ផ្តល់ជាឧទាហរណ៍ថា
បើរដ្ឋមានពលរដ្ឋមានប្រជាជនចំនួន១០០០០ នាក់នោះ សមាជិកម្នាក់ៗ
របស់រដ្ឋមានចំណែករបស់ខ្លួនមួយដែរ គឺ១/១០០០០នៃអំណាចកំពូល ។ ស្តេចមួយអង្គ
សភាមួយរូប គណបក្សមួយ សមាគមន៍មួយ មានឆន្ទៈរបស់គេនិមួយមួយៗ ប៉ុន្តែមិនមែនជាឆន្ទៈរួមរបស់មនុស្សទូទៅទេ ។
សេចក្តីសម្រេចដែលអាចយកជាការបាន ទាល់តែមានប្រជារាស្ត្រទាំងមូលជាអ្នកសម្រេចគឺជាឆន្ទៈរបស់ប្រជារាស្រ្តទាំងមូល
។ ច្បាប់ ជាឆន្ទៈទូទៅ ច្បាប់ត្រូវធ្វើឡើងក្នុងគោលដៅទូទៅ សម្រាប់គោលការណ៍ធំៗ ។
នៅក្នុងការអនុវត្តន៍ច្បាប់ ក៏យ៉ាងដូច្នោះ ដែរគឺច្បាប់សម្រាប់ពលរដ្ឋទាំងអស់ អនុវត្តន៍ ។នេះជាទស្សនៈរបស់លោក Rousseau ហើយក៏ជាទស្សនៈដែលមាន អំណោយទានដល់ច្បាប់ សម័យទំនើបដែរ ។ លោក Rousseau ថា «អធិបតេយ្យ មិនអាចតំណាងបានទេហើយក៏មិនអាចផ្ទេរបានដែរ ។ តំណាងរាស្រ្ត
មិនមែនជាតំណាងរបស់រាស្រ្តទេ តំណាងរាស្រ្ត គឺគ្រាន់តែជាស្នងការរបស់រាស្រ្ត ។
តំណាងរាស្រ្ត មិនអាចធ្វើសេចក្តីសម្រេចជាស្ថាពរណាមួយទេ។ ច្បាប់ដែលរាស្រ្ត
មិនបានអនុម័ត មិនមែនជាច្បាប់ទេ ហើយបើរាស្រ្តខ្លួនឯង មិនបានធ្វើអន្តរាគមន៍
ដោយផ្ទាល់យ៉ាងហោចណាស់ ច្បាប់ ក៏មានប្រជាមតិ ឬការយល់ព្រមពីរាស្រ្តដែរ» ។ លោក Rousseau បានធ្វើការរិះគន់យ៉ាងខ្លាំង
ចំពោះប្រជារាស្រ្តអង់គ្លេសថា «ប្រជារាស្រ្តគិតថា ខ្លួនមានសេរីភាពនោះគឺជាការភាន់ច្រឡំធំណាស់ ។
ប្រជារាស្រ្តនោះ មានសេរីភាពតែនៅពេលមុនការបោះឆ្នោតជ្រើសរើសសមាជិកសភាតែប៉ុណ្ណោះ
។ នៅពេលដែលគេជ្រើសរើសតំណាងរបស់គេរួចហើយ គេក៏ក្លាយជាទាសករ
របស់សជិកសភាទៅវិញ»
។ រាស្រ្ត ជាអ្នកផ្តាច់មុខខាងធ្វើច្បាប់។ ការផ្តាច់ខាងធ្វើច្បាប់នេះ
ត្រូវទុកឲ្យប្រជារាស្រ្ត ។ ចំណុចនេះ លោក Rousseau បានធ្វើការរិះគន់យ៉ាងជូរចត់ ទៅលើលោក Montesquieu ដែលបានពោលថា «អធិប្បតេយ្យរួមមានតែមួយ
គឺអធិប្បតេយ្យជារបស់សង្គម» ។ នៅក្នុងលក្ខខណ្ឌនេះ រាជាធិបតេយ្យក្តី (Monarchy) អភិជនាធិបតេយ្យក្តី (Aristocracy) អប្បជនាធិបតេយ្យក្តី (Oligarchy) មិនមាននៅ ក្នុងប្រព័ន្ធនយោបាយរបស់លោក Rousseau ទេ ។ បើប្រជារាស្រ្ត ជាអ្នកធ្វើច្បាប់
តាមធម្មតាច្បាប់នោះទៀតសោត អាចសម្រេចរាល់បញ្ហាទាំងអស់
តើអាចមានគ្រោះថ្នាក់ចំពោះសេរីភាពរបស់បុគ្គលឬទេ ? ចំពោះករណីនេះ លោក Rousseau បានគិតថា «ច្បាប់ មិនអាចមានគ្រោះថ្នាក់
ចំពោះសេរីភាពរបស់បុគ្គលបានទេ ពីព្រោះច្បាប់សម្រេចដោយមនុស្សទាំងអស់
ហើយអនុវត្តន៍ចំពោះមនុស្សទាំងអស់ ដូច្នេះមិនអាចមានបច្ច័យណា
ដែលមនុស្សទាំងអស់សម្រេចអ្វីមួយ ហើយឲ្យទោសដល់មនុស្សទាំងអស់នោះទេ ។
តាមរយៈនៃការរៀបចំប្រជាធិបតេយ្យឲ្យស្ថិតក្នុងដៃរបស់ប្រជាពលរដ្ឋបែបនេះច្បាប់ដែលកើតឡើងនោះមុខជាល្អ» ។
មនុស្សមួយចំនួន
បានធ្វើការរិះគន់ចំពោះទ្រឹស្តីខាងលើ របស់លោក Rousseau ថា
«អ្នកភាគតិច អាចក្លាយជាជនរងគ្រោះ
ឬក្លាយជាទាសករ ពោលគឺអ្នកភាគច្រើន ធ្វើអ្វីដែលបង្ខំដល់ឆន្ទៈ អ្នកភាគតិច
ហើយប្រឆាំងនឹងឆន្ទៈអ្នកភាគតិច» ។ ចំពោះលោក Rousseau
ថា«អ្នកភាគតិច ត្រូវគោរពសេចក្តីសម្រេចរបស់អ្នកភាគច្រើន ។ ប្រទេសស្វីល
ជាប្រទេសតូច គេអាចអនុវត្តន៍ប្រជាធិបតេយ្យដោយផ្ទាល់បាន ក៏ប៉ុន្តែសង្គមនិមួយៗ
តែងវិវត្តន៍ធ្វើឲ្យចំនួន ប្រជាពលរដ្ឋកើនឡើងជាលំដាប់។ ដូច្នេះមានការលំបាកចំពោះការប្រើប្រព័ន្ធប្រជាធិបតេយ្យ
បែបផ្ទាល់នេះណាស់»
។
លក្ខណៈច្បាប់របស់រូស្សូ
ច្បាប់សំខាន់ៗ
របស់រដ្ឋត្រូវតែប្រជារាស្រ្ត ជាអ្នកសម្រេចតាមការប្រើប្រជាមតិ (Referendum) ។ ចំពោះបញ្ហាដទៃទៀត ប្រជារាស្ត្រប្រគល់ឲ្យតំណាងរាស្រ្ត។
លោក Rousseau
បានបង្ហាញឲ្យឃើញ
មានភាពខុសគ្នារវាងអំណាចអ្នកតំណាង និងកាតព្វកិច្ចអ្នកតំណាង ។ តំណាង ដែលជ្រើសតាំង
សម្រាប់រយៈពេលយូរ ច្រើនតែភ្លេចរាស្រ្ត ដែលជាអ្នកបោះឆ្នោតឲ្យនោះ ។
ចំណែកតំណាងរាស្រ្ត ដែលជ្រើសតាំងរយៈពេលខ្លី គេមិនទាន់មានទម្លាប់យកមុខងារ
អ្នកតំណាងជាមុខរបរនៅឡើយ ហើយស្ថិតនៅ ជាអ្នកតំណាងពិតៗ ។ លោក Rousseau មានគំនិតថា «ចំនួននៃការជ្រើសរើស ត្រូវមានកំរិតពេលវេលា
ព្រោះថាអ្នកតំណាងរាស្រ្ត ដែលប្រជារាស្រ្តលើកច្រើនសារនោះ
នឹងយកតំណែងតំណាងរាស្រ្ត មកធ្វើជាមុខរបរមិនខាន ។ គេ នឹងមានទម្លាប់
ជាអ្នកមានមុខរបរធ្វើជាអ្នកតំណាងរាស្ត្រ ។ ដូច្នេះ គេត្រូវមានការកម្រិតនៃការជ្រើសរើស
ឲ្យមានតែមួយ ឬពីដង ហើយត្រូវរង់ចាំ២ ឬ៣ឆ្នាំទៀត ទើបអាចមកឈរឈ្មោះ
ឲ្យគេជ្រើសសារជាថ្មីម្តងទៀត» ។ លោក Rousseau
ថា«ត្រូវបង្កើតច្បាប់ សម្រាប់ដាក់ទោស ចំពោះតំណាងរាស្ត្រ ឬត្រូវដាក់ទណ្ឌកម្ម ចំពោះអ្នកតំណាងរាស្រ្តណាដែលមិនអនុវត្តន៍
តាមឆន្ទៈរបស់ប្រជាជន និងមិនអនុវត្តន៍តាមកាតព្វកិច្ចរបស់ខ្លួន» ។
មិនត្រូវ
ឲ្យមានរបាំងរវាងឆន្ទៈទូទៅ និងពលរដ្ឋ ។ ដូច្នេះប្រជាពលរដ្ឋ
ត្រូវចូលរួមដោយខ្លួនឯង មិនតាមរយៈអ្នកណាផ្សេងៗទៀតទេ ។ ពលរដ្ឋម្នាក់ៗ
ត្រូវយល់អ្វីដែលជាប្រយោជន៍រួមហើយ គេមិនត្រូវធ្វើតាមរយៈក្រុមមនុស្សទេ ។ ពលរដ្ឋ
មានវិចារណញ្ញាណ មានបញ្ញា ដូច្នេះគេមានមតិ គេអាចសម្រេច ដោយខ្លួនគេផ្ទាល់ ។
ឆន្ទៈរួម ត្រូវតែបញ្ចញដោយផ្ទាល់ ពីប្រជារាស្រ្ត ទៅតាមផលប្រយោជន៍ផ្ទាល់
របស់ប្រជារាស្រ្ត ។ នេះជាចំណុចសំខាន់ នៅក្នុងគំនិតប្រជាធិបតេយ្យ ។
អំពីការអនុវត្តន៍ច្បាប់
លោករុស្សូថា គេត្រូវអនុវត្តន៍ច្បាប់ឲ្យបានត្រឹមត្រូវនិងប្រិតប្រៀងបំផុត ។
ពេលណា ដែលច្បាប់ត្រូវបានអនុម័តហើយ តាមមនសិការរបស់ពលរដ្ឋទាំងមូល ច្បាប់នោះ
ក៏ត្រូវយកទៅ អនុវត្តន៍យ៉ាងតឹងរឹងបំផុតដែរ ។ អំណាចនិតិប្រតិបត្តិ គឺរដ្ឋាភិបាលជាអ្នកអនុវត្តន៍ច្បាប់ ។ រដ្ឋភិបាលទាល់តែខ្លាំង
ពីព្រោះរដ្ឋាភិបាល ត្រូវប្រតិបត្តិចំពោះទាំងអស់ ។ បើច្បាប់អនុវត្តន៍
មិនចំពោះមនុស្សទាំងអស់នោះ មិនមែនជាប្រជាធិបតេយ្យទេ ។ នៅក្នុងរបបប្រជាធិបេយ្យ
រដ្ឋភិបាលត្រូវតែខ្លាំង ប៉ុន្តែជាអំណាចចំណុះ ។ រដ្ឋាភិបាល
ជាអ្នកប្រតិបត្តិច្បាប់ មានប្រជាជនជាអធិបតី ។ អត្ថិភាពរបស់រដ្ឋ
គឺធ្វើអធិបតេយ្យ ឲ្យមានដល់ប្រជារាស្រ្ត ។ អធិបតេយ្យ របស់ប្រជារាស្រ្ត
ស្ថិតនៅក្នុងអំណាចនិតិបញ្ញត្តិ ដែលជាអំណាចធ្វើច្បាប់ និងលុបច្បាប់ ។ អធិបតេយ្យ
របស់ប្រជារាស្រ្ត គឺប្រជារាស្រ្ត ជាអ្នកចាត់ចែង ដោយខ្លួនឯង ។ ចំពោះអត្ថិភាព
របស់រដ្ឋាភិបាលគឺទាក់ទងនឹងការអនុវត្តន៍ច្បាប់ ។ រដ្ឋាភិបាល
គ្រាន់តែជាតំណាងរបស់ប្រជារាស្រ្ត និងរបស់ច្បាប់ ។ រដ្ឋមន្រី្តជា
ខ្ញុំបម្រើរបស់ប្រជារាស្ត្រ ហើយរដ្ឋមន្រ្តី ក៏អាចត្រូវ គេដកហូតងារបានដែរ ។
របបនយោបាយរបស់រុស្សូ
របបប្រជាធិបតេយ្យ (Democracy) ជារបបមួយដែលល្អឥតខ្ចោះ ប្រសិនបើ
របបនយោបាយនេះ អាចធ្វើឲ្យអំណាចនិតិបញ្ញត្តិ និងអំណាចនិតិប្រតិបត្តិ មានភាព Check and
Balance នោះ ។
របបប្រជាធិបតេយ្យ ជារបបមួយដែលល្អឥតខ្ចោះនោះ លោករុស្សូយល់ថា បើប្រជារាស្រ្តមានការយល់ដឹងកំរិតខ្ពល់
ទើបប្រជាធិបតេយ្យ ដំណើរការទៅបានល្អ ។ បើគេនិយាយថា រដ្ឋាភិបាលប្រជាធិបតេយ្យ
ជារដ្ឋភិបាលសម្រាប់ប្រជារាស្រ្ត ដែលជាបញ្ញាជន មានន័យថាមិនមែនជារដ្ឋាភិបាល
សម្រាប់មនុស្ស ឬពលរដ្ឋល្ងង់ខ្លៅនោះទេ ។ ប្រសិនបើប្រជារាស្រ្តទាំងមូល
ជាអ្នកដឹកនាំរដ្ឋនោះអំណាចនិតិបញ្ញត្តិ នឹងស្រូបយកអំណាចនិតិប្រតិបត្តិអស់ ។
របបរាជធិបតេយ្យ (Monarchy) លោករុស្សូ ក៏គាត់ទទួលស្គាល់
និងទទួលយកបានដែរ ប្រសិនបើរបបរាជាធិបតេយ្យ ត្រូវទទួលស្គាល់ពីប្រជារាស្រ្តទាំងមូល
មានន័យថា ប្រសិនបើរាជាធិប្បតេយ្យ ត្រូវបានបោះឆ្នោតជ្រើសតាំងនោះ ។
ក្នុងករណីនេះ រដ្ឋាភិបាលរាជាធិបតេយ្យ ជារដ្ឋភិបាលពេញច្បាប់ ។ ម្យ៉ាងទៀត
រុស្សូយល់ឃើញថា អំណាចនិតិប្រតិបត្តិ គួរមានមេដឹកនាំតែមួយ ដើម្បីងាយស្រួល
ក្នុងការបំពេញតួនាទីរបស់ខ្លួន ក៏ប៉ុន្តែវាក៏អាចមានគ្រោះថ្នាក់ផងដែរ កាលណា
អំណាចនោះ ក្លាយទៅជាអំណាចផ្តាច់ការ ។
របបអភិជនាធិបតេយ្យ (Aristocracy) ដោយគេពុំមានការទុកចិត្ត
លើរបបរាជាធិបតេយ្យហើយវាមានគ្រោះថ្នាក់ចំពោះរបបរាជាធិបតេយ្យផ្តាច់ការ ។
ទើបលោករុស្សូមានចិត្តលំអៀងទៅលើ របបអភិជនាធិបតេយ្យ ពីព្រោះក្នុងរបបនេះ
អំណាចនិតិប្រតិបត្តិត្រូវប្រគល់ ទៅឲ្យមនុស្សមួយចំនួន ជាអ្នកប្រកបដោយគតិបណ្ឌិត
ដែលត្រូវជ្រើសតាំង តាមការបោះឆ្នោត ។
ដូច្នេះសរុបសេចក្តីទៅ
អ្វីដែលលោករុស្សូបានគិតនោះ គឺមាននៅក្នុងសៀវភៅរបស់លោក «កិច្ចសន្យាសង្គម» វាជាមូលដ្ឋានគ្រឹះ នៃទ្រឹស្តីប្រជាធិបតេយ្យ
។ ប្រជាធិបតេយ្យ នៅក្នុងសម័យរុស្សូ គ្រាន់តែជាការស្រមៃតែប៉ុណ្ណោះ ពីព្រោះថា
សម័យនោះ គឺរបបរាជានិយមផ្តាច់ការ កាន់អំណាច ។ គេមិននឹកស្មានថា
ថ្ងៃណាមួយមនុស្ស នឹងសម្រេចចិត្ត ធ្វើតាមគោលការណ៍របស់លោករុស្សូនោះទេ។ នៅសម័យនោះ
ប្រហែលជាមានបញ្ហាកើតឡើង ក្នុងរបបប្រជាធិបតេយ្យ ឬមានតែឈ្មោះ តែមនុស្សមិនគោរពតាមគោលការណ៍របស់ខ្លួន
និងគោលការណ៍ របស់ប្រជាធិបតេយ្យហើយមើលទៅ !!! ៕






